គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបណ្តាលឲ្យនារីម្នាក់ស្លាប់
និងមនុស្ស១១នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល
និងមានផ្ទះឈើប្រកសង្កសី និងប្រកស្បួវ មានចំនួន ១៨ខ្នងផ្ទះ
ត្រូវរងនូវការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍នេះ
បានកើតឡើងកាលពីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥
បានបង្កឲ្យប៉ះពាល់ដល់ឃុំចំនួនពីរ គឺឃុំស្រែចារ និងឃុំឃ្សឹម
ក្នុងស្រុកស្នួល ខេត្តក្រចេះ។ នារីរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ ឈួន ខៀវ
អាយុ២៣ឆ្នាំ រស់នៅក្នុង ឃុំស្រែចារ ស្រុកឆ្នួល ដោយសារតែត្រូវ
ផ្ទះបាក់រលំសង្កត់លើ។
បើតាមលោក អ៊ូ ដានី
នាយករដ្ឋបាលសាលាស្រុកស្នួល បានឲ្យដឹងថា
សរុបការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងពីរឃុំ ក្នុងស្រុកស្នួល
ដែលទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងនោះ ឃុំស្រែចារ
បានខូចខាតលំនៅដ្ឋាន ផ្ទះឈើប្រកសង្កសី ចំនួន៧ខ្នងផ្ទះ
ត្រូវខ្យល់បក់ប៉ើង និងដួលរលំ និងបង្កឲ្យពលរដ្ឋ ស្រី-ប្រុស ចំនួន៨នាក់
ស្លាប់ម្នាក់ របួសធ្ងន់ ចំនួន៧នាក់ និងមានផ្ទះឈើប្រកស្បូវតូចធំ
នៅក្នុងឃុំឃ្សឹម មានចំនួន ១១ខ្នងផ្ទះ ត្រូវបានខូចខាតទាំងស្រុង
និងម៉ូតូ២គ្រឿងផ្សេងទៀតត្រូវខូចខាត ហើយក៏មានពលរដ្ឋចំនួន ៤នាក់ ក្នុងនោះ
ស្រី២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍នេះដែរ។
លោក អ៊ូ ដានី បានបន្តថា
ក្នុងគ្រោះធម្មជាតិឆ្នាំ២០១៥ នេះជាលើកទី១ហើយ
ដែលកន្លងមកពុំធ្លាប់កើតមាននោះទេ នៅក្នុងស្រុកស្នួល
ដែលបង្កឲ្យមានផ្ទះសម្បែង តូច ធំ របស់ពលរដ្ឋមួយចំនួន ត្រូវបានខូចខាត
និងមានមនុស្សស្លាប់ ។
0 comments:
Post a Comment