មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា
ក្រោមការជួយឧបត្ថម្ភ ពីក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ កាលពីព្រឹកថ្ងៃ ទី១៤
ខែមិថុនា ឆ្នាំ២០១៥ បានប្រារព្វទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ «សូមអរគុណចំពោះការជួយសង្គ្រោះជីវិតខ្ញុំ» ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកវេជ្ជបណ្ឌិត ដុង អាលអាញ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា
និងមានការចូលរួមពីមន្ត្រីរាជការសប្បុរសជន សិស្ស និស្សិត
មកពីតាមសកលវិទ្យាល័យនានាព្រមទាំងសិល្បករសិល្បការនីជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត ហុក
គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម
បានមានប្រសាសន៍នៅក្នុងពិធីនោះថាការប្រារព្វទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម
ក្រោមប្រធានបទ «សូមអរគុណចំពោះការជួយសង្គ្រោះជីវិតខ្ញុំ
» ដែលបណ្តាប្រទេសទាំងអស់នៅលើពិភពលោកទាំងមូល
បាននឹងកំពុងប្រារព្វធ្វើឡើងក្នុងគោលបំណងចំនួន៥ គឺទី១
ដើម្បីថ្លែងអំណរគុណចំពោះការផ្តល់ឈាមជួយសង្គ្រោះជីវិត ទី២
ជមរុញលើកកំពស់ការធ្វើអំណោយឈាមស្ម័គ្រចិត្តទៀតទាត់ ទី៣
បង្កើតឲ្យមានការអប់រំជាសាធារណៈដ៏ទូលំទូលាយ អំពីសេចក្តីត្រូវការអំណោយឈាមដោយទៀតទាត់
ពីព្រោះឈាមនិងផលិតផលឈាមមានរយៈពេលផុតកំណត់ប្រើខ្លីហើយដែលត្រូវលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តទាំងអស់ធ្វើការផ្តល់ឈាមឲ្យបានទៀតទាត់
ទី៤ ផ្តោតលើការយកចិត្តទុកដាក់ទៅលើសុខភាព លើសកម្មភាពការថែរក្សាអ្នកស្ម័គ្រចិត្ត
បរិច្ចាគឈាមដែលជាកក្តាចាំបាច់បំផុត ដើម្បីកសាងទំនុកចិត្តរបស់អ្នកផ្តល់ឈាម
និងចេតនាផ្តល់ឈាមឲ្យបានទៀតទាត់ និងទី៥ ស្វែងរកការគាំទ្របន្ថែមទៀតពីក្រសួងសុខាភិបាល
ដើម្បីសំដែងនូវការកោតសរសើរចំពើសប្បុរសជនបរិច្ចាគឈាមទៀងទាត់
និងផ្តល់ធនធានគ្រប់គ្រាន់ ដើម្បីថែរក្សាអ្នកផ្តល់ឈាមប្រកបដោយគុណភាព។
លោកវេជ្ជបណ្ឌិតបានបន្តថា
« បច្ចុប្បននេះយើងមិនទាន់មានឈាមគ្រប់គ្រាន់
សម្រាប់ជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមបន្ទាន់នៅឡើយទេដោយ
ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ទៅ១០០ប្លោក
សម្រាប់ជួយសង្គ្រោះជនរងគ្រោះផ្សេងៗ ហើយទូទាំងប្រទេសត្រូវការឈាមប្រមាណ១៥០ប្លោក
រៀងរាល់ថ្ងៃ។
ដូចនេះយើងត្រូវការឈាមបន្ថែមទៀតដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់»។ លោកបានបន្តែមឲ្យដឹងថា «ការបរិច្ចាគឈាម
វាមិនធ្វើអោយប៉ះពាល់ដល់សុខភាព រឺអាយុជីវិតអ្នកបរិច្ចាគនោះទេ
ឈាមមនុស្សយើងទោះបីមិនបរិច្ចាគក៏គង់តែវាងាប់ទៅវិញ
និងផលិតឈាមថ្មីជំនួស
ហើយមនុស្សម្នាក់ៗអាចបរិច្ចាគឈាមបាន៣ទៅ៤ដងក្នុងមួយឆ្នាំទៅតាមសុខភាព »។
លោកប្រធានមជ្ឈមណ្ឌលជាតិ
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ខេត្តទាំងអស់
សម្ព័ន្ធយុវជនសេនានាគ សមាគមសប្បុសជនស្ម័គ្រចិត្តបរិច្ចាគឈាម ក្រុមហ៊ុនឯកជននានា
ពិសេសក្រុមហ៊ុនអិនវីស៊ី ខបភើរ៉េសិនវីតាល់ ក្រុមហ៊ុនកូកាកូឡា
ក្រុមហ៊ុននុំស្រួយលីលី និងក្រុមហ៊ុនជាច្រើនទៀត
ដែលបានបង្កលក្ខណៈក្នុងការលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង
បានមានប្រសាសន៍ថា កម្ពុជាបានប្រារព្វទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤ហើយ
ឆ្នាំនេះជាខួបលើកទី១២ ដែលជាឪកាសថ្មីម្តងទៀត
ដើម្បីថ្លែងអំណរគុណជាអនេកប្បកាលចំពោះសប្បុរសជនស្ម័គ្រចិត្តផ្តល់ឈាម
ជាពិសេសជនរងគ្រោះអ្នកជំងឺទាំងអស់ក៏បានថ្លែងអំណរគុណព្រមៗគ្នាដល់សប្បរសជនបរិច្ចាគឈាម
ដែលបានជួយជីវិតគាត់ឲ្យរស់រានមានជីវិតឡើងវិញ។ លោករដ្ឋមន្ត្រី
ជំរុញឲ្យសប្បុរសជនបន្តបរិច្ចាគឈាមបន្តទៀតដើម្បីជួយដល់អ្នកត្រូវការឈាមជាចាំបាច់ព្រោះថាការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះនៅមានកំរិតនៅឡើយ។
0 comments:
Post a Comment