តើធ្វើដូចម្តេចដើម្បីស្រលាញ់មនុស្សស្រីម្នាក់ឲ្យបានជោគជ័យ? លោកច្រាយ ចំណានអ្នកនិពន្ឋសៀវភៅនិយាយពីជីវិតអាពាហ៍ពិពាហ៍ និងស្នេហានិងជាអ្នកសង្កេតពីដំណើរវិវិត្តន៍របស់សង្គម បានមានប្រសាសន៍ឲ្យគេហទំព័រសុខភាពដឹងកាលពីពេលថ្មីៗនេះថា ដើម្បីស្រលាញ់មនុស្សស្រីបានជោគជ័យ អ្នកត្រូវប្រកាន់នូវគោលការណ៍មួយចំនួនដូចជា
ត្រូវស្គាល់ពីខ្លួនឯងជាអ្នកណាឲ្យច្បាស់
ការស្គាល់ខ្លួនឯងច្បាស់ពិតជាមានសារៈសំខាន់ណាស់
ព្រោះនៅពេលយើងស្គាល់ពីខ្លួនឯងច្បាស់ហើយ
យើងនឹងដឹងពីសមត្ថភាពខ្លួនយើង
ធៀបជាមួយមនុស្សស្រីដែលខ្លួនកំពុងពេញចិត្ត។ បើយើងជាអ្នកក្រីក្រ
ហើយទៅស្រលាញ់មនុស្សស្រីក្នុងត្រកូលអភិជន នោះពិតជារឿងលំបាកមួយ
ព្រោះសង្គមនេះមនុស្សឲ្យតំលៃទ្រព្យសម្បត្តិលើសពីគុណសម្បត្តិដទៃទៀត។
និយាយបែបនេះមិនមែនមានន័យថា
មនុស្សប្រុសក្រីក្រមិនអាចដណ្តើមយកបេះដូងពីកូនអភិជនបាននោះទេ
ពួកគេក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ប្រសិនជាមានរូបរាងសង្ហារ
មានចំណេះដឹងខ្ពង់ខ្ពស់ និងអត្តចរិកល្អ។
ត្រូវចេះស្រលាញ់ខ្លួនឯង
ពាក្យស្រលាញ់ខ្លួនឯងនៅទីនេះ
គឺសំដៅដល់បុរសដែលចេះតុបតែងខ្លូនសមរម្យ
កាត់ក្រចកដៃក្រចកជើងបានស្អាតបាត ព្រោះមនុស្សស្រីដែលឆ្លាតវៃ
និងរហ័សរហួន ពួកគេអាចពិនិត្យពីចរិករបស់អ្នក
និងតាំងពីក្រចកដៃជើងទ្បើងទៅ។
ត្រូវបង្ហាញពីភាពជាមនុស្សចេះទទួលខុសត្រូវ
ចំណុចនេះសំខាន់មែនទែន
ព្រោះមនុស្សស្រីស្រលាញ់មនុស្សប្រុស ដែលចេះទទួលខុសត្រូវក្នុងការនិយាយស្តី
ក៏ដូចជាក្នុងពេលបំពេញការងារ
ឬទទួលខុសត្រូវក្នុងនាមជាមេគ្រួសារជាដើម។
ត្រូវបង្ហាញពីភាពជាមនុស្សមានអត្តចរិកល្អ
ការមានចរិកឬកពា
និងអត្តចរិកថ្លៃថ្នូរ ពិតជាគុណសម្បត្តិមួយមិនអាចកាត់ថ្លៃបាន
ព្រោះមនុស្សស្រីប្រសិនជានាងផ្តល់ឳកាសឲ្យអ្នក
នាងពិតជានឹងលួចសង្កេតពីអត្តចរិកអ្នកដោយស្ងៀមស្ងាត់។
ដូច្នេះប្រសិនជាអត្តចរិករបស់អ្នកល្អ
និងអាចទទួលយកបាននោះនាងអាចពិចារណាលើអ្នកមិនខាន។
បង្ហាញពីចិត្តទូលាយ
ប្រសិនជាអ្នកមានពេលញុំាអាហារជុំគ្នានៅខាងក្រៅ
អ្នកត្រូវតែដើរតួជាអ្នកចំណាយប្រាក់
និងបើកការបូបប្រាក់របស់អ្នកដោយភាពជឿជាក់។
អ្នកមិនត្រូវអ្នកដាក់កាបូបក្រោមតុ ហើយដកយកប្រាក់ម្តងមួយសន្លឹកៗដើម្បីឲ្យប្រាក់គេនោះទេ។
ទោះជាអ្នកមានប្រាក់ច្រើនយ៉ាងណាក៏ដោយ
ប្រសិនជាអ្នកនៅដកប្រាក់បែបអឹមអៀនមិនជឿជាក់លើខ្លួនឯង
នោះពិតជាចំណុចខ្សោយរបស់អ្នក ព្រោះមនុស្សស្រីខ្លះឆ្លាតណាស់
នាងចេះសង្កេតតាំងពីរឿងតូចតាចបែបនេះទ្បើង។
ត្រូវជឿលើនិស្ស័យ
មនុស្សខ្លះជួបគ្នាមានរឿងជាច្រើននិយាយគ្នា
ដូចស្គាល់គ្នាតាំងពីជាតិមុនអញ្ចឹង
ប៉ុន្តែមនុស្សខ្លះពេលជួបគ្នាមិនមានរឿងអីនិយាយសោះ
ដូចជាមិនដឹងចាប់ផ្តើមពីកន្លែងណា និងធ្វើដូចម្តេចដើម្បីឲ្យមានភាពស្និទ្ឋស្នាលជាដើម។
មនុស្សខ្លះពេលនិយាយចេញមកហាក់មិនគួរឲ្យចូលចិត្ត
ឬឃើញមុខភ្លាមហាក់គ្មាននិស្ស័យជាដើម
ប៉ុន្តែជួនកាលនិស្ស័យក៏អាចបង្កើតស្នេហាទ្បើងបានដែរ។
ដូចនេះមានតែពេលវេលាទេដែលអាចប្រាប់អ្នកបានថា
តើអ្នកអាចដើរលើផ្លូវនោះជាមួយគ្នាបានយូរដល់កម្រិតណា
និងអាចឈានដល់ដំណាក់កាល អាពាហ៍ពិពាហ៍ឬអត់
វាអាស្រ័យលើការសេពគប់របស់អ្នក
ដូច្នេះអ្នកគួរធ្វើយ៉ាងណាកុំឲ្យការណាត់ជួបលើកទី១
ក្លាយជាការជួបគ្នាលើកចុងក្រោយ។
ត្រូវស្វែងយល់ពីចិត្តនាង
នេះជាចំណុចស្លាប់រស់ក្នុងទំនាក់ទំនងរបស់អ្នក
ដោយសារថាគ្មានមនុស្សណាមិនចាប់អារម្មណ៍ និងមិនចូលចិត្តមនុស្ស
ដែលយល់ពីចិត្តរបស់ខ្លួនទ្បើយ ព្រោះជាចិត្តសាស្រ្តមិនថាមនុស្សប្រុស
ឬមនុស្សស្រីទេ តែងតែចង់បានមនុស្សចេះយល់ចិត្តខ្លួន
ដឹងពីចំណូលចិត្តខ្លួន និងដឹងថានាងត្រូវការអ្វីនៅពេលនាងរីករាយ
និងដឹងពីអ្វីដែលនាងត្រូវការនៅពេលនាងឯកានោះទ្បើយ។
ហេតុនេះអ្នកត្រូវតែសង្កេតពីចិត្តរបស់នាងថា
នាងជាមនុស្សបែបណា នាងចូលចិត្តអ្វីជាដើម ឧទាហរណ៍
មនុស្សស្រីឆ្នាស់ឆ្នើមជាមនុស្សដែលភាគច្រើនរ៉ឹងមាំតែពីសប្បកក្រៅប៉ុណ្ណោះ
តែតាមការពិតនាងជាមនុស្សឯកា ត្រូវការខ្នងបង្អែក
និងត្រូវការអ្នកយល់ចិត្តនាង ចេះលួងលោមនាងច្រើនជាងនារីដទៃ។
ប្រសិនជានាងជាមនុស្សចូលចិត្តអានប្រលោមលោក
គឺត្រូវដឹងថានាងជាមនុស្សមានចរិកអណ្តែតអណ្តូង
ដែលពេលខ្លះនាងមិនដឹងថាខ្លួនត្រូវការអ្វីពិតប្រាកដទ្បើយ។
ហេតុនេះអ្នកអាចដើរតួជាទីប្រឹក្សារបស់នាង លួងលោមនាង
និងឧស្សាហ៍លើកទឹកចិត្តនាងជាដើម។
ប្រសិនជាអ្នកយល់ពីអារម្មណ៍របស់នាង
ដឹងថានាងត្រូវការអ្វី និងនាងមានចំណូលចិត្តបែបណា
អ្នកទទួលបានជោគជ័យរហូតដល់៥០ភាគរយរួចទៅហើយ។
ត្រូវឧស្សាហ៍សរសើរនាង
គ្មានមនុស្សស្រីណាម្នាក់មិនត្រូវការពាក្យសរសើរនោះទ្បើយ
ហេតុនេះអ្នកត្រូវសរសើរនាងឲ្យបានញឹកញាប់ នៅពេលបានជួបមុខនាង
ប៉ុន្តែអ្នកក៏ត្រូវកែតម្រូវនាងដោយភាសាទន់ភ្លន់ផងដែរ
ប្រសិនជានាងស្លៀកសម្លៀកបំពាក់ដូចជាមិនសូវចុះចំណោម
ឬសម្លៀកបំពាក់ខុសវ័យរបស់នាង ឬនិយាយស្តីមិនសមរម្យជាដើម។
វិធីកែតម្រូវដាច់ខាត
មិនត្រូវនិយាយបន្តុះបង្អាប់នាងជាដាច់ខាត តែត្រូវលើកសរសើរនាងផង
និងឆ្លៀតកែតម្រូវនាងក្នុងពេលដំណាលគ្នា ឧទាហរណ៍ អូនស្លៀកសម្លៀកបំពាក់នេះស្អាតណាស់
តែបងគិតថាសម្លៀកបំពាក់នេះប្រសិនជាស្លៀកចូលរួមពិធីខុសពីនេះល្អជាង
និងថ្លៃថ្នូរជាង ដូចនេះអូនគួរស្លៀកបែបនេះទើបសមជាង
បើយើងទៅកម្មវិធីដូច្នេះ។
ត្រូវធ្វើជាមនុស្សកំប្លុកកំប្លែង
គ្មានមនុស្សណាមិនចូលចិត្តសំណើចនោះទេ
ដូច្នេះដើម្បីធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ សប្បាយរីករាយ
ពេលបាននៅជិតអ្នក អ្នកគួរតែចេះកំប្លុកកំប្លែងខ្លះៗ
ទោះជាអ្នកមិនចេះក៏ដោយ ព្រោះការនិយាយដោយគ្មានទឹកដមរបស់អ្នក
ក៏អាចធ្វើឲ្យនាងផ្ទុះសំណើចបាន ហើយសំណើចអាចជម្រុះអស់ទុក្ខកង្វល់
និងធ្វើឲ្យនាងចាប់អារម្មណ៍នឹងអ្នកកាន់តែច្រើន។
ជូនពរឲ្យការតាមស្រលាញ់មនុស្សស្រីរបស់អ្នក
ទទួលបានលទ្ឋផលជោគជ័យ ប្រសិនជាអ្នកមានបំណងស្រលាញ់នាងពិតប្រាកដ។
0 comments:
Post a Comment