នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៥ គ្រោះធម្មជាតិដោយរន្ទះបាញ់
បានសម្លាប់មនុស្សចំនួន ២៨នាក់ រងរបួស ១៥នាក់ និងងាប់សត្វពាហនៈចំនួន ២៥ក្បាល
និងខូខាតផ្ទះចំនួន ៤ខ្នង។

លោក កែវ វី
មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានមានប្រសាសន៍ប្រាប់គេហទំព័រសុខភាពកម្ពុជា ឲ្យដឹងកាលពីរសៀលថ្ងៃ ទី២៨
ឧសភានេះថាគ្រោះធម្មជាតិដោយរន្ទះបាញ់ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០១៥
នេះបានកើតឡើងចំនួន ៤៥លើកនៅតាមបណ្តាខេត្តចំនួន១៥
បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ រងរបួស ១៥នាក់ និងងាប់គោក្របី
២៥ក្បាល។ លោកបានបន្តថា ចំនួននេះបើធៀបទៅនឹងរយៈពេល
៥ខែដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅឃើញថាថយចុះ ដែល៥ខែឆ្នាំមុន
រន្ទះបាញ់បានសំលាប់មនុស្សចំនួន ៤៤នាក់ របួស២៧នាក់
និងងាប់គោក្របី១០ក្បាល។ លោក កែវ វី បានរលឹកឲ្យថាកាលពីឆ្នាំ២០១៤ គ្រោះធម្មជាតិដោយរន្ទះបាញ់បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៧៥នាក់។
ចំណែកខ្យល់ព្យុះនៅឆ្នាំ ២០១៤ បានសម្លាប់មនុស្សចំនួន៩នាក់
និង៤នាក់ទៀតរងរបួស។
លោក កែវ វី
បានមានប្រសាសន៍បន្តែមថា «ដូច្នេះដើម្បីជាវិធានការការពារគ្រោះថ្នាក់នេះ
សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នបន្ថែមទៀត
ទៅលើបាតុភូតគ្រោះធម្មជាតិនេះ ដោយកុំចេញក្រៅផ្ទះ ឬកាន់ឧបករណ៍ចម្លងអគ្គិសនី
ពិសេស ទូរស័ព្ទដៃនៅក្នុងពេលមេឃកំពុងភ្លៀង ខ្យល់ខ្លាំង និងមានផ្គរផ្លេកបន្ទោរ
ហើយប្រជានេសាទក៏កុំចេញទៅនេសាទតាមសមុទ្រដែរ»។
ចំពោះវិធានការទប់ស្កាត់បញ្ហារន្ទះបាញ់
លោក កែវ វី បានបញ្ជាក់បន្ថែមថា
ដើម្បីទប់ស្កាត់បញ្ហានេះមានតែការផ្សព្វផ្សាយអប់រំណែនាំ
ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីវិធីការពារខ្លួន
នៅពេលដែលមានភ្លៀងផ្គររន្ទះ ដូចជាកុំជ្រកក្រោមដើមឈើនៅពេលមានភ្លៀង
កុំធ្វើការនៅទីវាលបិទទូរសព្ទ័ ឬទូរទស្សន៍ជាដើម។
ប្រជាពលរដ្ឋគួរតែទៅរកកន្លែងដែលសុវត្តិភាពពោលគឺត្រូវជ្រកនៅក្រោមផ្ទះគឺជាការប្រសើរព្រោះបើវាមានគ្រោះក៏មិនដូចនៅទីវាលដែរ។
បើតាមឯកសារបានណែនាំឲ្យដឹងថា
នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះ ត្រូវអនុវត្តដូចខាងក្រោម ត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា
និងយកដៃខ្ទប់ត្រចៀកត្រូវរត់ចេញពីទឹក ឬស្រែនៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់។
ត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់ និងបិតត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។
ត្រូវដកឌុយដោតភ្លើង ឬឌុយទូរសព្ទ័ ដោយទុកចំងាយ ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី។
មិនត្រូវនិយាយទូរស័ព្ទ នៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់
មិនត្រូវអង្គុយក្នុងតង់ និងមិនត្រូវអង្គុយចំក្រោមដើមឈើ
ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។
0 comments:
Post a Comment